ប្រាសាទ​អង្គរវត្ត

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចំបងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំនាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំនែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គ​ ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។

ប្រវត្តិ

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[១]
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក។ ប្រាង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ​ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាកន្លែងសំរាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសំរាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ ។) ហើយមួយចំនែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំនែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ អង្គរវត្ត។

ស្ថាបត្យកម្ម

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រលាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។