ម្ហូបនិងបង្អែមខ្មែរ

តារាស្ពៃក្តោប
តារាស្ពៃក្តោបគ្រឿងផ្សំ៖ ជ្រូក ពងទាប្រៃ ជីវ៉ាន់ស៊ុយ ស្ពៃក្តោប ស្ករស ពងមាន់ ខ្ទឹមស ទឹកត្រី បីចេង ទឹកស៊ីអ៊ីវ ផ្សិតក្រៀម ពងទាប្រៃ
១ - ស្ពៃក្តោប​ ១មើម , សាច់ជ្រូកជាប់ខ្លាញ់ ចញ្រ្ចាំ ឬកិនម៉ដ្ឋ​ ៥០០ ក្រាម ,ឬសជីវ៉ាន់ស៊ុយ​ ម្រេច ខ្ទឹមស បុក ២ស្លាបព្រាបាយ , ស៊ុតមាន់ឬទា ១គ្រាប់, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ , ទឹកត្រី​ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ , ផ្សិតក្រៀម ៤ដើម , ពងទាប្រៃយកផ្នែកក្រហម ១គ្រាប់
២-យកស្ពៃក្តោបមកកាត់គល់ បកស្រទាប់ខាងក្រៅដែលចាស់ ឬមានស្នាមជាំ ចេញ លាងទឹក ហើយស្រុសក្នុងឆ្នាំងទឹកក្តៅពុះ ប្រហែល៥នាទី​ ដួសឡើង ទុកអោយត្រជាក់ ។
៣- ផ្សិតក្រៀម ត្រាំទឹកអោយទន់ កាត់គល់ ហើយហាន់ជាសរសៃតូចៗ ច្របាច់ទឹកចេញ​ ទុកមួយអន្លើ ។
៤- សាច់ជ្រូក កិនឬបុកលាយជាមួយឬសជឺវ៉ាន់ស៊ុយ ម្រេច ខ្ទឹមស ថែម ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ គោះស៊ុតដាក់លាយចូលគ្នា ព្រមទាំងផ្សិតក្រៀម​ ហាន់ផង ។
៥- យកស្ពៃក្តោប មកឆ្កៀលចំកណ្តាល សម្រាប់ដាក់ស្នូលសាច់ជ្រូក ប្រើកាំបិតតុបតែងជាផ្កាយ​ ។
៦​- យកសាច់ជ្រូកច្របល់ហើយស្រេច ញាត់ក្នុងស្ពៃក្តោប អោយពេញហៀរ ត្រង់កណ្តាល ដាក់ស៊ុតក្រហម ពីលើសាច់ជ្រូក។
៧- ដាក់ស្ពៃក្តោបនៅលើថាសគូទជ្រៅ​ លើកថាសដាក់លើឆ្នាំងចំហុយ ខណៈទឹកកំពុងពុះ​ ប្រើភ្លើងក្តៅល្មម ចំហុយប្រហែល​​ ៣០-40 នាទី​ដើម្បីអោយ ស្ពៃក្តោបទន់ ពេលទន់ល្អហើយ ដាក់ចុះពិសារក្តៅៗ​ ។
ឆាសាច់ក្រកដំឡូងបារាំងឆាសាច់ក្រកដំឡូងបារាំងគ្រឿងផ្សំ៖ សាច់ក្រក ម្ទេស ដំឡូងបារាំង ម្ទេស ផ្កាស្ពៃ ស្ករស ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ
១- ដំឡូងបារាំង (កន្លះគឺឡូ ) កាត់ជាដុំៗបួនជ្រុងតូចៗ , ហាន់សាច់ក្រក(៦ដុំ) ជាបន្ទះស្តើងៗ, ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំល្អិតៗ, ស្ករ​ ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,
ម្ទេសទុំ ២ផ្លែ
២- ដាំខ្ទះអោយក្តៅ ចាក់ប្រេងឆាចូល គ្រលែងអោយសព្វ​ រួចហើយដាក់ដំឡូងចៀន រហូតឡើងពណ៌ក្រហមព្រឿងៗ រួចហើយចាក់ដាក់ចានគ្របទុកដើម្បីរក្សាកំដៅ ។
៣- ដាក់សាច់ក្រកទៅក្នុងខ្ទះក្តៅចៀន ៣- ៤នាទីចាក់ដាក់ចាន
៤- បំពងខ្ទឹមស ខ្ទឹមក្រហម ហើយចាក់ផ្កាស្ពៃ​​ ម្ទេស ២នាទីទើបដាក់ដំឡូងបារាំង សាច់ក្រក ដែលចៀន ហើយចូលឆាត្រឡប់អោយសព្វជាការស្រេច ។
ទឹកដូងខ្ចីក្រឡុកទឹកដូងខ្ចីក្រឡុកគ្រឿងផ្សំ៖ ដូង ស្ករស ទឹកកក
១- យកទឹកដូង សាច់ដូងខ្ចី ដាក់ចូលម៉ាស៊ីនក្រឡុក ហើយថែមទឹកស្ករ និងទឹកកក កិនក្រឡុកអោយសព្វល្អ ។
២- ចាក់ទឹកដូងក្រឡុក ដាក់កែវពិសាបានទាន់ចិត្ត
គុណប្រយោជន៌ផ្នែកអាហារ
នៅក្នុងដូងសំបូរដោយសារធាតុ សំខាន់ផ្សេងៗដូចជា ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន​ ប្រេង និងកាកសរសៃអាហារ
គុណប្រយោជន៌ផ្នែកឱសថ
សាច់ដូង មានគុណភាពក្នុងការបំប៉នរាងកាយ ជួយកែអាការៈ​ អស់កម្លាំងល្ហិតល្ហៃ ។​ ចំណែកទឹកដូង ជួយកាត់បន្ថយកម្តៅ បំបាត់ការស្រេកទឹក និងជួយបញ្ចុះព្រូន ឬសត្វល្អិតផ្សេងៗបាន ដូចជា ព្រូនទម្ពក់ តេនញ៉ា ព្រូនសំប៉ែត ... ។​ កំពីងដូង ឬសាច់ខ្ខីដែលដុះនៅខាងក្នុងផ្លែដូង ក៏អាចប្រើជាថ្នាំបញ្ចុះសត្វល្អិត ឬព្រូនបាន ដូចគ្នា ។
ស៊ុបស្លាបមាន់យឺហ៊ីស៊ុបស្លាបមាន់យឺហ៊ីគ្រឿងផ្សំ៖ មាន់ ខ្ញី ខ្ទឹមបារាំង ស្លឹកខ្ទឹម អំបិល ម្រេច យីហ៊ី ទឹកស៊ីអ៊ីវ
១- យីហ៊ឺ​ ឬមឹកក្រៀមត្រាំទឹកអោយទន់ហាន់ជាចំណិតធំៗ១បន្ទះ
ស្លាបមាន់ ៦បន្ទះ , ខ្ទឹមបារាំង ៣មើម , ទឹកស៊ុប ឬទឹកត្រាំយឺហ៊ី ២លីត្រ , ម្រេចគ្រាប់ ១៥គ្រាប់ , ឬសជឺវ៉ាន់ស៊ុយ ៣ទង , ខ្ញីចាស់ ៣ចំណិត​ , អំបិលម៉ត់កន្លះស្លាបព្រាកាហ្វេ , ទឹកស៊ីអ៊ីវ ១ស្លាបព្រា , ដើមនិងស្លឹកខ្ទឹមហាន់កង់់ៗ សម្រាប់រោយពីលើ ២ដើម ។
២- ដាក់គ្រឿងផ្សំគ្រប់យ៉ាងក្នុងឆ្នាំង រម្ងាស់ដោយភ្លើងមធ្យម នៅពេលពុះ ហើយ បន្ថយភ្លើង រម្ងាស់បន្ត ប្រមាណ៤៥នាទី ឬរហូតដល់យីហ៊ឺទន់​ ភ្លក្សរសជាតិមើល បើស្ទើរប្រៃ បន្ថែមទឹកស៊ីអ៊ីវបន្តិច រួចរោយដើមនិងស្លឹកខ្ទឹមនិងម្រេច ទទួលទានក្តៅៗ ទើបឆ្ងាញ់ជាប់មាត់ ។
ទឹកត្របែកទឹកត្របែកគ្រឿងផ្សំ៖ ត្របែក ស្ករស ក្រូចឆ្មារ
១- លាងស្ករស​ (១៤០ក្រាម) ជាមួយទឹក (៦៥០ក្រាម) ដាំរហូតដល់ពុះ​ ទើបត្រងច្រោះដោយក្រណាត់ស្បៃ ពណ៌ស ទុកធ្វើទឹកស្ករ
២- លាយទឹកត្របែក(១ពែង) និងទឹកស្ករ កូរអោយសព្វសាច់គ្នា ហើយយកទៅ ដាំលើភ្លើង រហូតដល់ពុះ ប្រមាណ​៣នាទីទើបដាក់ចុះ
៣- បន្ទាប់មកទុកអោយត្រជាក់ ច្រកចូលក្នុងដប កែវ រួចយកទៅត្រាំ ក្នុងទឹកទុក អោយត្រជាក់ ។
៤​- យកទៅក្លាស្សេក្នុងទូទឹកកក ដល់ពេលត្រជាក់​ យកមកពិសារ ។
គុណប្រយោជន៌ផ្នែកចំណីអាហារ
ត្របែក មានជីវជាតិអាហារផ្សេងៗ សំខាន់ដូចជា ថាមពល, ការបូអ៊ីដ្រាត, ប្រូតេអ៊ីន , កាកសរសៃអាហារ និងវីតាមីនC ខ្ពស់បំផុត ។
គុណប្រយោជន៌ផ្នែកឪសថ
ត្របែក មានវីតាមីន C ខ្ពស់បំផុត ដោយត្របែកមួយផ្លែ​ មានបរិមាណ វីតាមីន​C ច្រើនជាងក្រូច ដល់ទៅ៥ដង។ ដែលវីតាមីនC នេះ មានតួនាទី​សំខាន់ ក្នុងការផលិតខូលឡាចេន (Collagen) ក្នុងរាងកាយ ផ្តល់ផលប្រយោជន៍ ចំពោះសុខភាពស្បែក និងជាលិកាផ្សេងៗ​។ ក្រៅពីនេះ ស្លឹក សំបក ដើម និងឬសត្របែក ក៏មានគុណប្រយោជន៌ ជាថ្នាំកែរោគរាគរូស ថ្នាំឃាត់ឈាម កែរោគរលាកពោះវៀន ជួយបង្កើនប្រព័ន្ឋការពាររោគ និងជាថ្នាំបន្សះមុខរបួស ។​ ស្លឹកត្របែក អាចព្យាបាល អាការរាគមូល និងបត់ជើងធំមានឈាម ខណៈដែល​គ្រាប់ត្របែក សម្បូរទៅដោយកាកសរសៃ​អាហារ ប្រភេទផេកទីនយ៉ាងច្រើន ។
សង់ខ្យាល្ពៅ
សង់ខ្យាល្ពៅគ្រឿងផ្សំ៖ ល្ពៅ ដូង ស្ករស ពងទា
១- យកល្ពៅមកចោះត្រង់ក្បាលយកគ្រាប់​ នឹងស្នូល ចេញអោយអស់ លាងទឹកអោយស្អាត
២- ដូងទុំពូតយកខ្ទិះ
៣- ពងទាគោះដាក់ចាន លាយជាមួយស្ករ ទឹកខ្ទិះដូង រួចចាក់ទឹកបន្តិច វាយអោយឡើងពពុះល្អ ភ្លក្សមើលអោយល្មម​ សឹមចាក់ចូលក្នុងល្ពៅ អោយពេញ ដាក់ចំហុយជាការស្រេច​៕  
សាច់ក្រកពោះវៀនខ្ចីជ្រូកសាច់ក្រកពោះវៀនខ្ចីជ្រូកគ្រឿងផ្សំ៖ ជ្រូក អំបិល ខ្ទឹមស
១- សាច់ជាប់ខ្លាញ់ ១គីឡូក្រាម , ពោះវៀនខ្ចី ១គីឡូក្រាម និងបាយដំណើបចំហុយ ១ចាន , មើមខ្ទឹម ៧-១០ មើម និងអំបិលម៉ត់
២- លាងសាច់អោយស្អាត រួចហាន់ស្តើងៗ យកទៅកិនជាមួយនឹង មើមខ្ទឹម អំបិលអោយម៉ត់ ។
៣- លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកមកច្របល់ជាមួយសាច់កិន ។
៤- យកសាច់ ដែលច្របល់សព្វហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្ទាប់មកចងវាជាកង់ៗ ប្រវែង៣ឆ្នាប់ យកទៅសំដិលថ្ងៃ ១ថ្ងៃ បើចង់ជូរបន្តិចទុក២ថ្ងៃក៏បាន ។
៥- ក្រោយមកយកទៅចៀន ឬបំពង ឬអាំងដោយភ្លើងតិចៗ ទទួលទានជាមួយ នឹង ម្ទេសខ្ខី មើមខ្ទឹម និងខ្ញីខ្ចីៗ ។

វិធីធ្វើពោះវៀនជ្រូក
ទាញពន្លាពោះវៀន​ រលាតាមបណ្តាយ ដោយយកស្លាបព្រារឹតវាអោយតំប៉ែត ញីអំបិលមួយស្លាបព្រាបាយ​ ហើយលាងទឹក ដោយបង្ហូរទឹក អោយហូរកាត់ ពោះវៀននោះរហូតដល់ស្អាត ទើបច្បួតទឹកចេញអោយអស់ម្តងទៀត ។