បេតិកភណ្ខកម្ពុជា



ប្រាសាទគោករមៀត
Written by ភ្នំពេញដេលីញូវ   
Friday, 28 January 2011 12:21

ប្រាសាទបុរាណមួយត្រូវបានប្រជាជន ប្រទះឃើញនៅ ក្នុងព្រៃឫស្សីនាប៉ុន្មានឆ្នាំ​ មុននេះក្រោយពេលធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ​ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់​ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទបុរាណនេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។

លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេសប្រាសាទគោករមៀតនេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណប្រាសាទមានគ្រាប់មីនយ៉ាងច្រើន ដែលមិនទាន់មានការដោះចេញពីប្រាសាទនោះនៅឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មានសល់នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួនបានគាស់កកាយប្រាង្គប្រាសាទបុរាណរុករកវត្ថុមានតម្លៃ ដែលបុព្វដូនតាយើងកប់ទុកក្រោមបាតនៃតួ ប្រាសាទ ។

លោក សោម សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មាន ឱ្យដឹងថាប្រាសាទគោករមៀតនេះគឺបុព្វដូនតាខ្មែរយើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើនកសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាងប្រាសាទដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុននៅពុំទាន់បានរកឃើញរូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទដែលធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើនជាប្រាសាទមានរាងតូចដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្សដែលបានសុគតក្នុងសមរភូមិ ។ ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទគោករមៀតនេះពុំមានកសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទគោករមៀតនេះនៅពុំទាន់មានគម្រោងធ្វើការថែទាំឱ្យបានត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។ លោក សោម សារួន បាននិយាយឱ្យដឹងបន្ថែមទៀតថា ប្រាសាទគោករមៀតក្រៅពីមានព្រៃឫស្សីដ៏ក្រាស់នោះក៏មានគ្រាប់មីនរាប់ ញន់គ្រាប់នៅព័ទ្ធជុំវិញដីបរិវេណប្រាសាទ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងរកវិធានការដើម្បីដោះមីនឱ្យអស់ នៅបរិវេណប្រាសាទនេះ ។ ប្រាសាទ ជាច្រើននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យភាគច្រើនពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យបានអស់នៅឡើយ ព្រោះប្រាសាទខ្លះស្ថិតនៅក្នុងព្រៃជ្រៅ ដែលយើងពិបាកនឹងរុករុលទៅដល់ ម៉្យាងវិញទៀតប្រាសាទភាគច្រើនបានលាក់ខ្លួនពួនកប់នៅតំបន់សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ពព្រៃខ្មែរក្រហម ។ ជាក់ស្តែងប្រាសាទគោករមៀតខាងលើស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាលពីមនុស្សផងទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោកជាអនុ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវ ចេះស្រឡាញ់ប្រាង្គប្រាសាទ ឬ វត្ថុបុរាណដែលបុព្វដូនតាខ្មែរ បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានធ្វើការគោរព បូជា ដូច្នេះសូមរាល់ពលរដ្ឋខ្មែរគ្រប់រូបត្រូវចេះរក្សា និង អភិរក្សប្រាសាទបុរាណឱ្យបានល្អដើម្បីជាគុណប្រយោជន៍ សម្រាប់ខ្មែរជំនាន់ក្រោយអូសទាញយកផលប្រយោជន៍ពី ប្រាសាទដូចជាបម្រើឱ្យដល់វិស័យទេសចរណ៍ក្នុងស្រុក និង ក្រៅស្រុកបានយ៉ាងប្រសើរទៀតផង ៕

សារមន្ទីរឯកជន
Written by ភ្នំពេញដេលីញូវ   
Wednesday, 19 January 2011 12:38

មានមនុស្សនៅខេត្តកំពង់ស្ពឺមិនច្រើន ប៉ុន្មានបានស្គាល់ និង បានដឹងថា នៅខេត្ត របស់គេមានសារមន្ទីរឯកជនមួយ ចុះទម្រាំតែប្រជាជននៅក្រុងភ្នំពេញ និង បណ្តាខេត្តផ្សេងៗទៀតនោះរឹតតែមិន ស្គាល់ទីនេះទៅទៀត ពោលគឺ​គេភាគច្រើនតែងទៅហួសមកហួស ។ ប៉ុន្តែបើគេបានទៅទស្សនាទីនោះហើយ គេនឹងមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនូវការរៀបចំដាក់តាំងរូបចម្លាក់ និង វត្ថុយ៉ាងច្រើនប្រភេទគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង ។

បើគេធ្វើដំណើរតាមដងផ្លូវជាតិលេខ ៤ ចេញពីភ្នំពេញ មុននឹងដល់ទី ប្រជុំជនខេត្តកំពង់ស្ពឺ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេនឹងឃើញមានភូមិគ្រឹះមួយដ៏ធំនៅខាងឆ្វេងដៃក្បែរដងផ្លូវនោះ និង មានបដា មួយចងនៅលើខ្លោងទ្វារចូលដោយសរសេរអក្សរថា “សារមន្ទីរនរៈបុរី” ។



ប្រសិនបើយើងបានឃើញតែទិដ្ឋភាពខាងក្រៅពីដំបូងនោះ យើងហាក់បី ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែគ្រាន់តែយើងបានឈានជើងចូល ផុតរបងខាងក្រៅនោះ យើងនឹងបានឃើញនូវទិដ្ឋភាពគួរចាប់អារម្មណ៍​ ក្រៃលែងផុតពីខ្លោងទ្វារចូលបន្តិចនោះមានតោថ្ម និង វត្ថុសិល្បៈជាច្រើនដែលសង់តាម រចនាបទខ្មែរពិតៗ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។ ផុតពីនេះបន្តិច មានសាងសង់រូបព្រះបាទ ជយវរ្ម័នទី ៧ ដែលសាងសង់ដោយមាន អាសនៈយ៉ាងត្រឹមត្រូវនៅចំកណ្តាលផ្លូវដែលធ្វើឱ្យអ្នកទស្សនាទាំង ឡាយនឹកទៅដល់ភាពថ្កុំថ្កើងរុងរឿងក្នុងរជ្ជកាល ព្រះអង្គគ្រប់គ្រង ។ នៅលើផ្ទៃដីបួនហិកតារមានសំណង់យ៉ាងច្រើនបានសង់យ៉ាងមាន របៀបរៀបរយ ដែលសំណង់នីមួយៗត្រូវបានចម្លងចេញពីប្រាសាទ បុរាណនានារបស់ខ្មែរ ពិសេសប្រាសាទនៅសៀមរាបអង្គរ ។ ឯទិដ្ឋភាពខាងក្នុងវិញ មានការទាក់ទាញយ៉ាងខ្លាំងមិនចាញ់សារមន្ទីរ ជាតិឡើយ ។

សារមន្ទីរនេះត្រូវបានសាងសង់ឡើងក្នុងបំណងទុកជាសម្បត្តិ ផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវ បេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឱ្យគង់វង្សផងដែរ ។


នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅពីនេះទៀតមានក្បាច់ ចម្លាក់តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារ មន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។

សារមន្ទីរនេះជាកម្មសិទ្ធិរបស់ឯកឧត្តម នរៈ រតនៈវឌ្ឍនោ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ហើយត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ ការដាក់តាំងវត្ថុបុរាណចម្រុះ និង ជាលក្ខណៈ សារមន្ទីរឯកជននៅក្នុងខេត្តកំពង់ស្ពឺនេះ គេឃើញមានការចាប់ អារម្មណ៍ច្រើនដែរពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅក្នុងតំបន់ មន្ត្រីធំតូច  និង ព្រះសង្ឃផងដែរ ដោយពួកគាត់នាំគ្នាចូលទៅទស្សនានៅពេលណាដែលទំនេរ ពីការងារ ។

ការដែលនាំឱ្យចាប់អារម្មណ៍នេះ ពីព្រោះថា អ្នកខ្លះពុំ ដែលបានឃើញនូវវត្ថុបុរាណ និង របៀបរបបដាក់តាំងបង្ហាញ យ៉ាងល្អ ហើយខ្លះទៀតថា ដោយសារសារមន្ទីរនេះនៅជិត ងាយស្រួលក្នុងការធ្វើដំណើរមកទស្សនា ហើយខ្លះទៀតថា មានសារសំខាន់សម្រាប់ឱ្យគេមានកន្លែងសិក្សាស្រាវជ្រាវអំពី វប្បធម៌ខ្មែរ ។

ព្រះភិក្ខុ សោម ស៊ីម ដែលជាព្រះសង្ឃមួយអង្គមានភាពល្បីល្បាញនៅ វត្តប្រាសាទកំពុងទស្សនានៅសារមន្ទីរ នេះមានថេរដីកាថាព្រះអង្គមានការភ្ញាក់ ផ្អើលខ្លាំងណាស់ កាលបើភ្ញៀវបានឃើញនូវសារមន្ទីរដ៏ធំមួយនេះមានវត្ថុបុរាណ និងវត្ថុសិល្បៈរាប់ពាន់ ត្រូវបានដាក់តាំងឱ្យភ្ញៀវទស្សនា ។ ព្រះអង្គគិតថា នេះ ជាការចូលរួមចំណែកយ៉ាងធំក្នុងការ​ថែរក្សាវប្បធម៌របស់ខ្មែរឱ្យនៅគង់វង្ស ។

សារមន្ទីរនេះត្រូវបានគេលក់សំបុត្រឱ្យចូល ទស្សនាតម្លៃ ២.០០០ រៀលក្នុងមនុស្សម្នាក់ចំពោះ ប្រជាជនខ្មែរ និង ២ ដុល្លារសម្រាប់ជនបរទេស ។ ចាប់តាំងពីបើកមកមានមនុស្សប្រមាណ ២០.០០០ នាក់ចូលទៅទស្សនា ។ នៅប្រទេសកម្ពុជាយើងមានសារមន្ទីរឯកជនចំនួនពីរ ទីមួយ សារមន្ទីររបស់ អ្នកបុរាណវិទ្យា មីសែល ត្រាណេ នៅក្នុងទីក្រុង ភ្នំពេញ និង មួយទៀតគឺសារមន្ទីរនៅកំពង់ស្ពឺនេះ។
 
សពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ
Written by ភ្នំពេញដេលីញូវ   
Friday, 31 December 2010 07:12

 
ប្រទេសកម្ពុជាយើងមានទីតាំងបុរាណ ជាច្រើនដែលកន្លែងខ្លះបានធ្វើការស្រាវជ្រាវ និង កន្លែងខ្លះមិនទាន់ធ្វើការស្រាវ ជ្រាវ ហើយកន្លែងខ្លះទៀត ត្រូវបាន  ប្រជាជននិងជនឆក់ឱកាសមួយចំនួនជីក  កកាយយ៉ាងអនាធិបតេយ្យ ។
ស្ថានីយបុរាណភូមិសុភី ជាស្ថានីយបុរាណ មួយដែលមានបន្សល់ទុករណ្តៅ សព បុរាណយ៉ាងច្រើនរាប់មិនអស់ ដែលរណ្តៅខ្លះត្រូវបានប្រជាជននៅទីនោះជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅពេលកន្លងមក ។ ប៉ុន្តែពេលនេះ ការជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅទីនេះលែងមានទៀតហើយ ហើយអ្នក បុរាណវិទ្យាក៏បានមកស្រាវជ្រាវជាបន្តបន្ទាប់ដែរ ។
      នៅចុងឆ្នាំ ២០១០ នេះ អ្នកស្រាវជ្រាវមួយក្រុមរបស់ អូស្ត្រាលីមានគ្នាបួននាក់ បានមកធ្វើការស្រាវជ្រាវសពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរុករកឃើញសាកសព បុរាណចំនួនប្រាំបីនាក់ក្នុងរណ្តៅតែមួយដែលមានជម្រៅ ៣០ ម៉ែត្រ និង ៣ ម៉ែត្រ x ៥ ម៉ែត្រ ។
      លោក ឌូហ្គល អូរ៉េលលី  អ្នកជំនាញផ្នែកបុរាណវិទូជនជាតិ អូស្ត្រាលីបានប្រាប់ថា ហេតុដែលបណ្តាលឱ្យលោកបានជ្រើសរើសកំណត់ទី តាំងនៅទីនេះមកធ្វើកំណាយនោះ ព្រោះដីនៅចំណុចនេះពុំមាន បងប្អូនធ្លាប់ជីកកកាយឡើយ ។
      បើតាមការសន្និដ្ឋាន ទីទួលនេះជាកន្លែងកប់សាកសពរបស់ បុព្វបុរសខ្មែរពីជំនាន់មុន ព្រោះសាកសពសុទ្ធតែត្រូវបានគេកប់ដាក់ ក្បាលទៅទិសខាងលិចទាំងអស់ ។ ពាក់ព័ន្ធសាកសពនៃបុព្វបុរស ខ្មែរនៅក្នុងកំណាយភូមិសុភីនេះ លោក ឌូហ្គល អូរ៉េលលី បាន ពន្យល់ប្រាប់អ្នកយកព័ត៌មានថា ហេតុដែលបណ្តាល ឱ្យអ្នកស្លាប់ត្រូវគេកប់ដាក់ក្បាលទៅទិសខាងលិចនោះ ប្រហែល មនុស្សសម័យនោះយល់ឃើញថា ជីវិតមនុស្សប្រៀបដូចសុរិយា ( ព្រះអាទិត្យ ) ពេលលិចតែងតែត្រាច់ចរទៅទិសខាងលិច ដូច្នេះហើយទើបពេលមនុស្សស្លាប់ ទៅគេធ្វើតាមដំណើរនៃព្រះអាទិត្យ ហើយសូម្បីតែឈ្មោះនៃអធិរាជរបស់ដូនតា ខ្មែរក៏មានឈ្មោះថា សុរិយា ដែរ ព្រោះឈ្មោះថា សុរិយានោះ គេសំដៅទៅលើ ភាពខ្លាំងពូកែ ។ “ទាំងនេះជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ” ។ លោក ឌូហ្គេល អូរ៉េលលីបានឱ្យដឹងថា ភាពអស្ចារ្យដែលខុសពីកំណាយកន្លែងនោះ គ្រោងឆ្អឹង នៃសាកសពពុំមានពុកផុយដូចមនុស្សជំនាន់ក្រោយឡើយ គឺមានភាពរឹងដូចឆ្អឹង ខ្មោចដែលទើបនឹងស្លាប់នៅពេលថ្មីៗអ៊ីចឹង ។
      អ្នកស្រីបណ្ឌិត លូស៊ី ស៊ីវ៉ាន់  អាយុ ៤៥ ឆ្នាំ ជាបុរាណ វិទូផ្នែកជំនាញឆ្អឹងធ្មេញបានរៀបរាប់ប្រវត្តិនៃការធ្វើវិសោធនកម្មលើគ្រោងឆ្អឹង ធ្មេញបានឱ្យដឹងថា សាកសពបុរាណនេះគឺមានអាយុកាលមុនគ្រិស្តសករាជបីរយ ឆ្នាំ ។ កំណាយនេះក្រុមការងារយើងកាយម្តងបន្តិចៗមិនបង្ខំទេ ហើយការធ្វើ កំណាយខាងលើនេះបានរកឃើញសពបុរាណចំនួនប្រាំបីនាក់ ក្នុងនោះមានសព ក្មេងពីរនាក់ ។ ក្រៅពីសាកសព យើងបានជីកឃើញក្អមដី និង កុលាលភាជន៍ ឆ្នាំងដី និង ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ។ ក្រុមការងារក៏បានឃើញគ្រឿង អលង្ការដែលមនុស្សសម័យមុនប្រើប្រាស់លម្អកាយ មានដូចជា ឡតធ្មេញ អង្កាំ សម្រាប់ពាក់លើ-កមនុស្ស កងដៃមាសនៅលើសពអំបូរខ្មែរសម័យបុរាណ ។ នេះបញ្ជាក់ថា ខ្មែរសម័យដើមគឺជាពូជពង្សអ្នកមានមាសប្រាក់ គ្រឿងអលង្ការ លម្អកាយច្រើន ដូច្នេះទើបពេលមានមនុស្សស្លាប់គេត្រូវយកវត្ថុមានតម្លៃកប់ជាមួយ សព ។ អ្នកស្រីបានបន្តទៀតថា ហេតុដែលបណ្តាលឱ្យឆ្អឹងធ្មេញមនុស្សសម័យមុន មិនពុកផុយនោះ គឺដោយសារពួកគាត់មិនចេះពិសាបារី ម្ហូបអាហារគ្មានជាតិពុល ពោល គឺពួកគាត់បរិភោគតែអាហារធម្មជាតិសុទ្ធសាធមានដូចជា ត្រី សាច់ស្លឹក រុក្ខជាតិដែលគ្មានសារធាតុគីមី ។ កត្តាទាំងនេះវាបានធ្វើឱ្យគ្រោងឆ្អឹងសម្បូរទៅ ដោយសារធាតុដែកជាច្រើនអាចទ្រាំទ្រការពុកផុយហើយ មនុស្សដើមសតវត្សរ៍ ទី ១-៣ ចូលចិត្តរស់នៅតាមតំបន់ភ្នំ ហើយពេលពួកគេបានស្លាប់ទៅក៏យកទៅ កប់នៅទីទួលដែលគ្មានទឹកលិចដល់ ដូច្នេះទើបរក្សាឱ្យឆ្អឹងនៅបានយូរឆ្នាំ”  ។ អ្នកស្រីបន្តទៀតថា “ខ្ញុំនឹងយកគ្រោងឆ្អឹងបុរាណនេះទៅធ្វើពិសោធដើម្បីឱ្យ ដឹងថា អ្នកដែលស្លាប់នោះគេចូលចិត្តទទួលទានអីជាអាហារ” ។
      លោក ណម មិត្ត សមាជិកក្រុមប្រឹក្សាឃុំសុភី បានឱ្យដឹងថា “មូលហេតុ ដែលពួកយើងបានដឹងពីកន្លែងសពបុរាណខាងលើ គឺដើមឆ្នាំ ២០០៥ មានអង្គការ មួយបានចុះជួយភូមិសុភី ព្រមទាំងបានឧបត្ថម្ភអណ្តូង ទឹកបង្គន់អនាម័យចំនួន ៨០ ក្នុងឃុំរបស់យើងខ្ញុំ ពេលនោះក្រុមការងារបានជីកដីដើម្បីដាក់លូក៏ប្រទះឃើញ ក្បាលខ្មោច វត្ថុមានតម្លៃផ្សេងៗក៏ផ្អើលនាំគ្នាជីកស្ទើរតែគ្រប់ផ្ទះ រហូតបានធ្វើឱ្យ ល្បីរន្ទឺ ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក៏ចុះទៅហាមឃាត់កុំឱ្យបងប្អូន ទៅជីកកកាយតទៅទៀត ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យកន្លែងនោះដើម្បីណែនាំឱ្យបង ប្អូនយកគ្រោងឆ្អឹងមករក្សាទុកដើម្បីធ្វើស្តូបមួយសម្រាប់ឱ្យបងប្អូនយកឆ្អឹងដូនតា មកទុកនៅទីនោះដើម្បីធ្វើទីសក្ការបូជាកុំឱ្យដួងព្រលឹងពួកគាត់ដើររំខានដល់កូន ចៅក្នុងភូមិ” ។
      ស្ត្រីម្នាក់ឈ្មោះ អឹម ស្រីចិន អាយុ ២០ ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា កាលពីអ្នកភូមិខ្ញុំបានបាក់នាំគ្នាជីកកកាយផ្នូរបុរាណនោះ មានអ្នកខ្លះត្រូវ ខ្មោចបុរាណមកសង្កត់បណ្តាលឱ្យគ្រុនឈឺក៏មានដែរ” ។ នាងបានបន្តថា “ជាក់ ស្តែងខ្ញុំផ្ទាល់បានយកឡតធ្វើជាបណ្តោងខ្សែ-កឱ្យកូនពាក់ តែពេលខ្ញុំយកខ្សែ-ក ដាក់ពាក់លើ-កកូន ស្រាប់តែធ្វើឱ្យកូនខ្ញុំវាស្រែកយំ បើទោះយកអ្វីទៅលួងក៏មិន បាត់ដែរ លុះត្រាតែដោះខ្សែពី-កវាចេញទើបឈប់យំ ។ ក្រោយមក ពេលខ្ញុំ ដេកយល់សប្តិឃើញថាឱ្យខ្ញុំអុជធូបសុំទោសដល់ព្រលឹងដូនតា នៅពេលនោះខ្ញុំ ក៏ធ្វើតាមការយល់សប្តិ លុះធ្វើតាមហើយកូនខ្ញុំក៏ឈប់យំ” ។ នាងបន្តថា “ឥឡូវ នេះគ្មានអ្នកជីកកកាយផ្នូរបុរាណទៀតទេ ព្រោះទុកឱ្យអ្នកទេសចរគេមកទស្សនា តំបន់នេះ ។ ពេលនោះពួកខ្ញុំនឹងរកប្រាក់ចំណូលបានតាមរយៈការលក់ដូរផលិតផល ផ្សេងៗ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យបានជ្រាបថា នៅទឹកដីភូមិភាគ ពាយព្យក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជា ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព របើកស្វាយ  ប្រាសាទគុក និង ភូមិសុភី ផ្នូរបុរាណនៃដូនតាយើង” ។
      បើតាមប្រសាសន៍លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និង វិចិត្រ សិល្បៈខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការធ្វើកំ-ណាយនេះដើម្បីឱ្យដឹងពីអាយុកាលនៃមនុស្សសម័យបុរេប្រវត្តិមានអាយុកាល ប៉ុន្មានឆ្នាំ និង ដើម្បីឱ្យដឹងថា អំបូរខ្មែរមានអ្វីប្រើប្រាស់ កាលពីសម័យមុន ជាពិ-សេសទៅទៀតនោះ គឺចង់ ដឹងពីវប្បធម៌ដ៏យូរលង់របស់ ខ្មែរបុរាណ
 
ប្រាសាទរបើកស្វាយរងការខូចខាត
Written by ភ្នំពេញដេលីញូវ   
Friday, 10 December 2010 00:20
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃជួរភ្នំ ដងរែកមានប្រាសាទបុរាណជាច្រើន ដែល ប្រាសាទបុរាណភាគច្រើនទទួល រងនូវការខូចខាតយ៉ាងដំណំ ហើយប្រាសាទបុរាណខ្លះរងការ ខូចខាតទាំងស្រុងក៏មាន ។ ប្រាសាទរបើកស្វាយ ជាប្រាសាទទោលស្ថិតនៅតំបន់ព្រំដែននៃ ជួរភ្នំដងរែកព្រំដែនខ្មែរ-ថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ប្រាសាទបុរាណមួយនេះទទួលរងនូវការបំផ្លិចបំផ្លាញនៅពេលស្រុកមានសង្គ្រាមស្ទើរតែគ្មានសល់អ្វីទាំងអស់ ។

ប្រាសាទរបើកស្វាយស្ថិតនៅក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កាលពី សម័យសង្គ្រាមប្រាសាទរបើកស្វាយ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតខ្មែរក្រហម ហើយទីតាំងប្រាសាទនេះក៏ ស្ថិតនៅលើសមរភូមិប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និង ភាគីម្ខាងទៀត ដែលនៅក្នុងព្រៃ ជាហេតុធ្វើឱ្យ ប្រាសាទនេះទទួលការខូចខាតស្ទើរតែទាំង ស្រុង និង ម៉្យាងទៀតជនឆ្លៀតឱកាសក៏បានជីកកកាយតួប្រាសាទ និង បរិវេណប្រាសាដើម្បីរុករកវត្ថុបុរាណនានាយកទៅលក់ឱ្យពួកឈ្មួញដែលនាំចូល ប្រទេសថៃ ទើបធ្វើឱ្យប្រាសាទ នេះខូចខាតស្ទើរតែបាត់ស្រមោលពីផែនទី ។ សព្វថ្ងៃនេះទោះបីស្រុកយើងមានសន្តិភាពទៅហើយក្តី ក៏ប្រាសាទ បុរាណដែលស្ថិតនៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃមួយនេះនៅតែទទួលនូវការគំរាមកំហែង ដដែល ពោលគឺប្រាសាទ នេះនៅតែឯកោខ្វះការថែទាំដដែល ។ នៅក្នុងបរិវេណប្រាសាទ យើងបានឃើញមានស្លាកស្នាមនៃការជីកកកាយ ចាស់ៗរបស់មនុស្សមួយចំនួនដែលខ្វះការពិចារណា ដើម្បីរុករកវត្ថុបុរាណយកទៅលក់ឱ្យ ឈ្មួញ ហើយនៅកន្លែងខ្លះ យើងឃើញមានស្នាមគាស់កកាយថ្មីស្រស់ៗនៅឡើយ ។ នៅជុំវិញបរិវេណប្រាសាទរបើកស្វាយ យើងបាន ឃើញប្រជាជនយើងបាននាំគ្នាកាប់ ឆ្ការព្រៃស្ទើរតែដល់តួប្រាសាទដើម្បីធ្វើចម្ការដាំដំឡូងមី ។ តាមទិដ្ឋភាព ជាក់ស្តែងដែលអ្នកយកព័ត៌មានយើងបានទៅដល់នោះ ប្រាសាទរបើកស្វាយហាក់បីដូចជាគ្មានការថែ ទាំ ឬ ការអភិវឌ្ឍអ្វីឡើយពោលទុកចោលឱ្យនៅឯកោយ៉ាងកណ្តោចកណ្តែងគួរឱ្យ សង្វេគក្រៃលែង ។ ប្រាសាទរបើក ស្វាយជាប្រាសាទទោល ដែលតួប្រាសាទប្រហាក់ ប្រហែលនឹងតួប្រាសាទនានានៅប្រាសាទសម្បូរព្រៃគុហ៍ដែរ ។ ប្រាសាទរបើកស្វាយ មានទំហំ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព័ទ្ធជុំវិញកំពែង មានបណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ ។

លោក ស៊ីវ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា  ប្រាសាទរបើកស្វាយ កសាងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ នាដើមសតវត្សរ៍ទី ១២ និង ចុងសតវត្សរ៍ទី ១៣ ធ្វើឡើងអំពីឥដ្ឋ និង ថ្មភក់ ។



អ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រាង្គប្រាសាទ និង ខឿនគ្រឹះនៃប្រាសាទ ត្រូវបានពួកឈ្មួញលួចជីកកកាយគាស់ រំលើងគ្មានសល់អ្វីដែលគួរឱ្យកត់សម្គាល់ ទៀតទេ ប៉ុន្តែថ្វីបើប្រាសាទនេះត្រូវរងគ្រោះដោយស្នាដៃពួកទមិឡយ៉ាងនេះ ក៏ដោយអ្វីដែលនៅសេសសល់គឺយើងត្រូវតែថែរក្សា និង អភិរក្សប្រាសាទនេះ ឱ្យបានល្អ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនាកម្សាន្ត ព្រោះនេះ ជាប្រាសាទបុរាណដែលមានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរ  ដែរ ។ លោកអនុប្រធានមន្ទីរបានបន្តទៀតថា នៅភូមិភាគខាងលិចនៃប្រទេស កម្ពុជាយើងនេះ ប្រាង្គប្រាសាទរាប់សិបទៀត ដែលនៅពុំទាន់រកឃើញ ព្រោះ កន្លែងខ្លះក្រុមការងារយើងខ្ញុំចូលទៅមិនបាន ដោយសារស្ថានភាពព្រំដែននៅ មិនទាន់ដោះមីននៅឡើយ ៕  
Comments ()
 
វត្ថុបុរាណដែលមានចំណាស់ប្រហែល ៥០០ ឆ្នាំដល់ ១០០០ ឆ្នាំមុនគ្រិស្តសករាជ
Written by ភ្នំពេញដេលីញូវ   
Wednesday, 01 December 2010 12:45

វត្ថុបុរាណជាច្រើនដែលមានអាយុកាល ប្រមាណ ៥០០ ឆ្នាំបានត្រូវគេយកមក តាំងពិព័រណ៍នៅសារមន្ទីរជាតិកាលពី ចុងខែវិច្ឆិកា ឆ្នាំ ២០១០ ។ វត្ថុបុរាណដែល ដាក់តាំងបង្ហាញនេះជាវត្ថុបុរាណ ដែលកប់ជាមួយសពដែលទើបរក ឃើញថ្មីៗនៅស្ថានីយ៣កន្លែងក្នុងប្រទេសកម្ពុជា ។ វត្ថុទាំងនេះរួមមាន ស្គរ មហោរធឹក គ្រឿងអលង្ការធ្វើពីមាស សំរឹទ្ធិ កុលាលភាជន៍ អាវុធ និង គ្រឿងប្រើប្រាស់ធ្វើអំពីដែក ។
      លោកស្រី អ៊ុន ផល្លីន ប្រធាននាយករដ្ឋានសារមន្ទីរបានឱ្យដឹងថាពិព័រណ៍នេះមានឈ្មោះថា “អារ្យធម៌ដ៏រុងរឿង នៃយុគដែកនៅកម្ពុជាដែលបានរៀបចំឡើងដោយក្រុមស្រាវជ្រាវបុរាណវិទ្យាកម្ពុជា និង អាល្លឺម៉ង់ក្នុងកិច្ចសហការរវាង ក្រសួងវប្បធម៌វិចិត្រសិល្បៈ វិទ្យាស្ថានបុរាណវិទ្យាអាល្លឺម៉ង់ ក្រោមជំនួយឧបត្ថម្ភពីកម្មវិធីថែរក្សាវប្បធម៌របស់ការិយាល័យ សហព័ន្ធបរទេសរបស់អាល្លឺម៉ង់ និង ស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
      លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានថ្លែងថាពិព័រណ៍ដែលរៀបចំឡើងបង្ហាញជូនភ្ញៀវ ជាតិ អន្តរជាតិនេះនឹងធ្វើឱ្យយើងគ្រប់គ្នាយល់បានប្រសើរឡើងនូវអារ្យធម៌ដ៏ថ្កុំថ្កើងរបស់បុព្វបុរសខ្មែរដែលមានអាយុ កាលប្រមាណជាង ២០០០ ឆ្នាំមុន ។
      រដ្ឋាភិបាលអាល្លឺម៉ង់បានជួយកសាងមជ្ឈមណ្ឌលមេមត់សម្រាប់ដាក់តាំងវត្ថុបុរាណដែលដឹកបាន នៅខេត្តកំពង់ចាម និង ខេត្តដទៃទៀត ។ វត្ថុមួយចំនួនដែលបានដាក់តាំងនៅក្នុងសារមន្ទីរជាតិជាវត្ថុដែលបានមកពីកំណាយនៅខេត្តកំពង់ចាម និង ព្រៃវែងមានដូចជាស្ករសំរឹទ្ធិ កងដៃផ្តិល កណ្តឹងសំរឹទ្ធិ គ្រឿងអលង្ការធ្វើពីមាសប្រាក់អង្កាំថ្ម និង អង្កាំកែវ ។
      តាមរយៈការធ្វើកំណាយនៅស្ថានីយព្រះហារនាឆ្នាំ ២០០៨ គេបានរកឃើញថ្នូរសពចំនួន ៥២ ដែលក្នុងនោះសពកប់ធម្មតា ៤៧ និង សព ៥ ទៀតកប់ក្នុងក្រឡដែលមានអង្កត់ផ្ចិត ៥០ សង់ទីម៉ែត្រ ។ នៅដើមឆ្នាំ ២០១១ ខាងមុខក្រុមការងាររបស់នាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិវិទ្យាសហការជាមួយវិទ្យាស្ថានបុរាណវិទ្យា អាល្លឺម៉ង់ នឹងចុះទៅធ្វើកំណាយនៅស្ថានីយព្រហារខេត្តព្រៃវែងបន្តទៀត ៕
 
ប្រាសាទគុកនគរនៅខេត្តកំពង់ធំ
Written by ភ្នំពេញដេលីញូវ   
Thursday, 18 November 2010 23:23

ប្រាសាទគុកនគរជាប្រាសាទដ៏ល្អមួយ ស្ថិតនៅភូមិ ត្រដក់ពង ឃុំពង្រ ស្រុក​​ បារាយណ៍ ខេត្តកំពង់ធំ ដែលជាទីចាប់ អារម្មណ៍របស់ភ្ញៀវអន្តរជាតិត្រូវបាន យកចិត្តទុក ដាក់ថែរក្សាការពារពី អាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ គណៈ កម្មាធិការវត្ត និងឆ្មាំការពារប្រាសាទផងដែរ ។ ប្រាសាទ គុកនគរជាកន្លែងទស្សនាបន្ទាប់ពីប្រាសាទសម្បូណ៌ព្រៃ គុហ៍ និង តំបន់ភ្នំសន្ទុក ។

កំពង់ធំជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ធម្មជាតិជាច្រើន កន្លែង ហើយសម្បូរទៅដោយប្រាសាទ បុរាណរាប់រយប្រាសាទទៀតផង ។

ប្រាសាទគុកនគរ កសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ ក្នុងសតវត្សរ៍ទី ១១ តាមរចនាបថឃ្លាំង ។ ប្រាសាទ នេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និង មាននៅសងខាងចំនួនពីរ ទៀត ។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបាន ទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ  ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ ចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។

នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុស ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។

នៅក្បែរតួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។
តាមការឱ្យដឹងពីអ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយក៏ក្លាយទៅជា កន្លែងកប់ខ្មោចដែរ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំបញ្ជាក់ថា ប្រាសាទនេះជាប្រាសាទដ៏ល្អ មួយនៅខេត្តកំពង់ធំ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិទៅទស្សនា កម្សាន្ត និង សិក្សាស្រាវជ្រាវ បន្ទាប់ពីរមណីយដ្ឋានប្រាសាទសម្បូណ៌ព្រៃគុហ៍ និង តំបន់ទេសចរណ៍ភ្នំ សន្ទុក ។ ប្រាសាទនេះត្រូវបានយកចិត្ត ទុកដាក់ថែរក្សាការពារពីអាជ្ញាធរភូមិ-ឃុំ គណៈកម្មាធិការវត្ត និង ឆ្មាំការពារប្រាសាទផងដែរ ដោយពួកគាត់ទទួល បានថវិកាខ្លះៗមកពីហឹបថែរក្សាប្រាសាទដែលភ្ញៀវទេសចរបានដាក់ឱ្យ ៕